25/07/2023 09:23
ព្រះវិហារវត្តស្វាយសៀមថ្មី។
រដូវវិស្សមកាលឆ្នាំសិក្សា ២០២២ - ២០២៣ ក៏ដូចវត្តនានានៅស្រុកថ្កូវដែរ វត្តពោធិគិរីវង្សារាម (ស្វាយសៀមថ្មី) កំពុងចាត់តាំងបង្រៀនអក្សរសាស្រ្តខ្មែរទាក់ទាញយុវកុមារជិត ៣០០ នាក់មកវត្តរៀនសូត្រកម្សាន្តសប្បាយយ៉ាងមានប្រយោជន៍។
ព្រះតេជគុណថាច់ញ៉ឹក ព្រះចៅអធិការវត្តស្វាយ សៀមថ្មីមានថេរដីកាថា៖ រដូវនេះ ជារដូវវិស្សមកាលរបស់សិស្សសាលាសកល ដូច្នេះហើយប្អូនៗ តែងមកវត្តរៀនសូត្រ។ អាត្មាក៏ដូចជាគណៈកម្មការ វត្តតែងបង្កលក្ខណៈឲ្យប្អូនៗមកវត្តរៀន និងលេង ល្បែងប្រជាប្រិយ និងបង្រៀនឲ្យប្អូនៗយល់ដឹង អំពីវប្បធម៌ប្រពៃណីរបស់ជាតិដើម្បីញុាំងឲ្យប្អូនៗ ជៀសវាងការលេងហ្គេមឥតប្រយោជន៍ រួចញុាំងឲ្យប្អូនៗ មានឱកាសជួបជុំមិត្តភក្តិលេងកម្សាន្តយ៉ាងស្និទ្ធស្នាលនឹងគ្នាទៀតផង។
សំណេះសំណាលជាមួយខ្ញុំបងស្រីថាច់ធីធីដា លេខាសម្ព័ន្ធយុវជនឃុំង៉ាយស្វៀង ស្រុកថ្កូវបានឲ្យដឹង៖ខ្ញុំយល់ច្បាស់អំពីផលប្រយោជន៍នៃការបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរនៅតាមវត្តខ្មែរ។ ចាប់តាំងពីកូនខ្ញុំបានមកវត្តរៀនរហូតមកមានការ យល់ដឹងច្រើនទាំងអក្សរសាស្រ្ត និងវប្បធម៌ជាតិ។ ក្នុងនាមជាលេខាសម្ព័ន្ធយុវជនឃុំផង ក្នុងនាម ជាម្តាយដែលមានកូនមករៀនអក្សរសាស្រ្តខ្មែរ នៅវត្តស្វាយសៀមថ្មីផង ខ្ញុំត្រេកអរណាស់ព្រោះពេលនេះកូនខ្ញុំបានចេះអាន ចេះសរសេរអក្សរសាស្រ្តខ្មែររួចហើយ។ ដោយឃើញវត្តចាត់តាំងសកម្មភាពមានប្រយោជន៍ជាក់ស្តែងដូច្នោះ ខ្ញុំនិង សម្ព័ន្ធយុវជនឃុំ បានសហការជាមួយនឹងព្រះចៅ អធិការវត្តចាត់តាំងឲ្យប្អូនៗលេងល្បែងប្រជាប្រិយបន្ថែមទៀត ដើម្បីជំរុញស្មារតីឱ្យកូនប្អូនខិតខំរៀនសូត្រឲ្យបានល្អជាងទៀត។
ប្អូនថាច់វិចិត្រ នៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង សំណេះសំណាល ៖ ប្អូនត្រេកអរ និងចូលចិត្តមកវត្តរៀនអក្សរសាស្រ្តខ្មែរខ្លាំងណាស់។ ព្រោះមករៀននៅនឹងវត្ត ប្អូនបានរៀនអក្សរខ្មែរផង និងបានចូលរួមលេងល្បែងប្រជាប្រិយជាមួយមិត្តភ័ក្ដិ យ៉ាងសប្បាយរីករាយផង។
ព្រះតេជគុណ ថាច់ញ៉ឹក កំពុងបង្រៀនប្អូនៗអំពីរបៀបថ្វាយបង្គំព្រះសង្ឃ។
លោក ឡេវុាំងហ្វាង ម្ចាស់ហាងលក់ទោចក្រយាន នៅអនុសង្កាត់លេខ ៣ ទីប្រជុំជនថ្កូវ បានសំណេះសំណាលដែរថា៖ ក្នុងរដូវវិស្សមកាល ខ្ញុំបានសហការជាមួយព្រះចៅអធិការវត្តស្វាយ សៀមថ្មី និងរដ្ឋអំណាចមូដ្ឋាន ដើម្បីចាត់តាំងឲ្យប្អូនៗចូលរួមរៀនសូត្រ កម្សាន្តសប្បាយមានប្រយោជន៍។ ខ្ញុំបានឧបត្ថម្ភទោចក្រយានមួយគ្រឿងដល់ប្អូនដែលទទួលជ័យលាភីលេខមួយផ្នែកប្រ កួតល្បែងលោតការ៉ុង។ ថ្វីត្បិតតែអំណោយមិន ច្រើន ប៉ុន្តែសម្រាប់សិស្ស គឺមានតម្លៃផ្នែកស្មារតី ខ្លាំងណាស់។ ខ្ញុំត្រេកអរណាស់ដោយបានចូលរួមធ្វើកិច្ចការមានប្រយោជន៍សម្រាប់ប្អូនៗនារដូវវិស្សមកាលនេះ។
ទន្ទឹមនឹងការចាត់តាំងបណ្តាសកម្មភាពដូចពោល មកខាងលើ ព្រះចៅអធិការវត្តនៅទាំងចលនាក្រុម ជាងកាត់សក់ មកកាត់សក់ដោយឥតគិតថ្លៃដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
លោក គីមថាយ ម្ចាស់ហាងកាត់សក់ ប៊ិញថាយនៅអនុសង្កាត់ទី ១ សង្កាត់លេខ ៩ ទីក្រុងត្រាវិញ សំណេះសំណាកថា៖ “ដោយបានព្រះតេជព្រះគុណជាព្រះចៅអធិការវត្តចលនាខ្ញុំក៏មកទីនេះ កាត់សក់ជូនប្អូនៗ និងមាមីងក្នុងភូមិដោយឥតគិតថ្លៃ។ រដូវវិស្សមកាលខ្ញុំឃើញប្អូនៗមកវត្តរៀនអក្សរសាស្រ្តខ្មែរកុះករដូច្នោះ ខ្ញុំមានចិត្តត្រេកអរ រួចមានសទ្ធាមកចូលរួមកាត់សក់ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកនាំយកនូវភាពសប្បាយរីករាយជូនប្អូនៗនារដូវវិស្សមកាល ។
តាមតួលេខស្ថិតិរបស់ការិយាល័យអប់រំ និងបណ្ដុះបណ្ដាលស្រុកថ្កូវ បានឲ្យដឹង រដូវវិស្សមកាលនៃឆ្នាំសិក្សា ២០២២-២០២៣ ស្រុកបានបើក បង្រៀនអក្សរសាស្រ្តខ្មែរ ២៦៧ បន្ទប់ តាំងពីថ្នាក់ ទី ១ ដល់ថ្នាក់ទី ៥ នៅតាមវត្តពុទ្ធសាសនាមហា និកាយខ្មែរក្នុងស្រុក ដោយមានសិស្ស ៦.២៧០ នាក់រៀន ៕ អត្ថបទ-រូបថត៖ សុជា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។