23/07/2021 10:00
ដើម្បីឧបត្ថម្ភអ្នកលក់សន្លឹកឆ្នោត ដោះស្រាយការលំបាកក្នុងជីវភាពរបស់អ្នកលក់សន្លឹកឆ្នោត នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោឡេវ៉ាំងហាំង បានចុះហត្ថលេខាចេញផ្សាយសារលិខិតលេខ ២៧១៤/UBND-KT “ស្តីពីការឧបត្ថម្ភអ្នកលក់សន្លឹកឆ្នោត (អ្នកលក់រាយ) លើភូមិសាស្រ្តខេត្តត្រាវិញអាស្រ័យផ្អាកសកម្មភាពអាជីវកម្មឆ្នោតជាតិបណ្តោះអាសន្ន” ខ្លឹមសារនៃសារលិខិតបានចែង៖ យល់ព្រមតាមការដែលក្រុមហ៊ុនចំកាតឯកសមាជិកឆ្នោតជាតិខេត្តត្រាវិញដកយកថវិកាពីប្រភពចំណាយសកម្មភាពផលិតធ្វើអាជីវកម្មដើម្បីឧបត្ថម្ភដល់អ្នកលក់សន្លឹកឆ្នោតលើភូមិសាស្រ្តខេត្តត្រូវឥទ្ធិពលដោយសារផ្អាកសកម្មភាពអាជីវកម្មឆ្នោតបណ្តោះអាសន្ន ជាមួយកម្រិតឧបត្ថម្ភម្នាក់ៗ ៦០.០០០ ដុងក្នុងមួយថ្ងៃ។ រយៈពេលឧបត្ថម្ភ ១៥ ថ្ងៃ គិតតាំងពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១។
សប្បុរសជនជូនអំណោយដល់អ្នកលក់សន្លឹកឆ្នោតពីព្រោះរងការឥទ្ធិពលនៃអាសន្នរោគកូវីដ‑១៩។
ការដែលចេញផ្សាយសារលិខិតខាងលើបាននាំមកភាពរីករាយជូនដល់អ្នកលក់សន្លឹកឆ្នោតជាច្រើនរូប។ បងស្រីថាច់ធីថាង នៅភូមិស្លែងថ្មី ឃុំភឿកហ៊ឹង ស្រុកថ្កូវចែករំលែក៖ ខ្ញុំប្រកបរបរលក់សន្លឹកឆ្នោតជាង ១០ ឆ្នាំហើយ ដោយអាស្រ័យស្គាល់បានមនុស្សច្រើនបង្គួរ ម៉្លោះហើយជារៀងរាល់ថ្ងៃខ្ញុំលក់សន្លឹកឆ្នោតបានពី ១៥០‑១៧០ សន្លឹក ទទួលបានប្រាក់ចំណូលប្រមាណ ១៥០.០០០‑១៧០.០០០ ដុង គ្រប់ប្រើប្រាស់ក្នុងគ្រួសារ និងគិតគូរឱ្យកូនរៀនសូត្រ។ គ្រួសារគ្មានរបរអ្វីក្រៅពីលក់សន្លឹកឆ្នោតឡើយ។ ជាងមួយសប្តាហ៍មុន ពេលមានដំណឹងថាផ្អាកការចេញផ្សាយសន្លឹកឆ្នោត ខាងដេប៉ូក៏មានជូនអំណោយដល់ខ្ញុំរួមមាន៖ អង្ករ មី ស្ករ ប៊ីចេង និងប្រាក់ ២០០.០០០ ដុង។ រំលឹកមកវិញកាលពីឆ្នាំ ២០២០ អា ស្រ័យឥទ្ធិពលដោយអាសន្នរោគ ក្រុមហ៊ុនក៏បានផ្អាកការចេញផ្សាយរយៈពេល ១៥ ថ្ងៃ។ ប៉ុន្តែនោះជាលើកដំបូង ការផ្អាកចេញផ្សាយលេខឆ្នោតជាបណ្តោះអាសន្ន ខាងដេប៉ូក៏មានអំណោយសម្រាប់ជូនដល់អ្នកលក់សន្លឹកឆ្នោតដែរ។ ប៉ុន្តែលើកនេះក៏រងផលប៉ះពាល់ ម៉្លោះហើយឧបត្ថម្ភអំណោយរបស់ដេប៉ូក៏តិចជាងមុន។ ឮដំណឹងថាបានខេត្តយើងឧបត្ថម្ភប្រាក់ដល់អ្នកលក់សន្លឹកឆ្នោត ខ្ញុំត្រេកអរយ៉ាងខ្លាំង ចំនួនប្រាក់ឧបត្ថម្ភរួមចំណែកជួយឱ្យគ្រួសារខ្ញុំគិតគូរសព្វបែបយ៉ាងដើម្បីការបង្ការ ទប់ស្កាត់អាសន្នរោគលើកនេះបាននឹងនរចិត្តជាង។
ដូច្នេះ នេះគឺជាលើកទី ២ ដែលខេត្តត្រាវិញក៏ដូចជាខេត្តដទៃៗទៀតផ្អាកចេញផ្សាយឆ្នោត និងបង្វិលលេខបើករង្វាន់ជាបណ្តោះអាសន្ន។ កាលពីមុននៅខែមេសា ឆ្នាំ ២០២០ ខេត្តត្រាវិញរួមជាមួយទូទាំងប្រទេសបង្ការ ទប់ស្កាត់អាសន្នរោគក៏ផ្អាកការចេញផ្សាយឆ្នោត និងបង្វិលលេខបើករង្វាន់ជាបណ្តោះអាសន្នក្នុងរយៈពេល ១៥ ថ្ងៃដែរ។ លោកង្វៀងវ៉ាំងទ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹង ស្រុកថ្កូវបានឱ្យដឹងថា៖ ជាមូលដ្ឋានដែលមានភ្ញៀវទៅមកច្រើន មានមូលដ្ឋានផលិត ក្រុមហ៊ុនជាច្រើនទាក់ទាញពលករពីមូលដ្ឋាននានាមកធ្វើការនៅមូលដ្ឋាន ទន្ទឹមនឹងនោះ ក៏មានសមាជិកនៃបណ្តាគ្រួសារលំបាកប្រកបរបរលក់សន្លឹកឆ្នោតទាំងរដូវប្រាំងនិងវស្សា។ ពួកគាត់ចាត់ទុករបរលក់សន្លឹកឆ្នោតជាប្រភពចំណូលចម្បងរបស់គ្រួសារ។ តាមតួលេខស្ថិតិ បច្ចុប្បន្ន មានអ្នកប្រកបរបរលក់សន្លឹកឆ្នោតជាង ៤០ នាក់ មានអ្នកខ្លះមិនត្រឹមតែលក់ឱ្យភ្ញៀវទៅមកលើភូមិសាស្រ្តឡើយ នៅទាំងទៅដើរលក់ដល់បណ្តាមូលដ្ឋានដទៃៗទៀត។ បណ្តាក្រុមហ៊ុនផ្អាកចេញផ្សាយសន្លឹកឆ្នោតបណ្តោះអាសន្នគឺជាកម្លាំងរឹតរួតយ៉ាងធំដល់គ្រួសាររបស់ពួកគាត់។ ដូច្នេះ ការឧបត្ថម្ភចំពោះអ្នកលក់សន្លឹកឆ្នោត គឺសំដៅរួមចំណែកបន្ថយការលំបាកដល់គ្រួសាររបស់ពួកគាត់។
លោកមាសឺនក្វិញ ប្រជាជននៅភូមិស្លែងចាស់បានចែករំលែក៖ ខ្ញុំរស់នៅទីនេះជាង ៧០ ឆ្នាំហើយ ខ្ញុំធ្លាប់បានឃើញផ្ទាល់អ្នកមួយចំនួន ច្បាមតាមរបរលក់សន្លឹកឆ្នោត ពួកគាត់ចាត់ទុករបរនេះជាឆ្នាំងបាយសម្រាប់ចិញ្ចឹមគ្រួសារ មិនថាថ្ងៃឬយប់ពួកគាត់តែងត្រាច់រង្គាត់គ្រប់ទីកន្លែង។ ឃើញរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភដល់អ្នកលក់សន្លឹកឆ្នោតដូចលើមធ្យោបាយព័ត៌មានមហាជនបានផ្សាយនារយៈពេលកន្លង ឃើញថាជាការសមស្រប ព្រោះពួកគាត់ទន្ទឹងរង់ចាំដើម្បីទទួលបានការចែករំលែកពីអ្នកដទៃក្នុងពេលបង្ការ ទប់ស្កាត់អាសន្នរោគ៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។