31/08/2020 10:05
បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ ០១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លា និសង្ឃ ដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។ នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំណែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់ តែហោចទៅ ៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដង ៗ ។ នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ០១ ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យដែលគេធ្វើឧទ្ទិសឲ្យ។ ដោយសត្វនរកជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា៖ តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមកខំដើររកបងប្អូនកូនចៅគ្រប់ ០៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ ។ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះ គេហៅថា “ កាន់បិណ្ឌ” ។ ពាក្យថាបិណ្ឌ មកពីពាក្យបាលីថា “ បិណ្ឌៈ” មានន័យថា “ ដុំបាយ” ។
ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័ន ដែលទ្រង់សោយរាជសម្បត្តិ ក្នុងអាវាសជាច្រើនដែលព្រះអង្គទ្រង់បានកសាង គេតែងធ្វើពិធីបូជាបាយបិណ្ឌ ចំពោះវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងចំបាំងរាំងជល់ និង ចំពោះខ្មោចដែលគ្មានបងប្អូនជាទីពឹងទាំងឡាយជារៀងរាល់ខែ ។
សម័យសព្វថ្ងៃបុណ្ឌជាដុំបាយដំណើប ដែលគេចំអិនដោយខ្ទិះដូង ហើយលាយ ឬ បុកជាមួយគ្រឿងផ្សំឯទៀត តាមទម្លាប់ស្រុក ។ គេរៀបបាយបិណ្ឌ នៅជុំវិញបាយបត្តបូរ បាយបត្តបូរ ក៏ធ្វើដូចជាបាយបិណ្ឌដែរ គ្រាន់តែពូត ជាពំនូតធំ ៗ មានកំពូលស្រួចហើយគ្របដោយសាជីស្លឹកចេក និង មានដោតទៀតធូបភ្ញីផ្កាជាលំអផង ។ តាមទម្លាប់នៅថ្ងៃកាន់បិណ្ឌទី ០១ គេដាក់បាយបិណ្ឌតែ ០១ ពំនូតទេ ។ ហើយគេចេះតែថែម ០១ ថ្ងៃ ០១ ដុំ លុះត្រាតែគ្រប់ ១៥ ដុំ ។ ប៉ុន្តែមានស្រុកខ្លះ មានទំនៀមធ្វើប្លែកពីនេះ ភូមិខ្លះ គេធ្វើបាយធ្វើបាយបិណ្ឌតែ ៥ ទេ ដែលគេទុកជានិមិត្តរូបព្រះពុទ្ធ ទាំង ០៥ ព្រះអង្គប្រចាំកប្បយើងនេះ ។ នៅភូមិខ្លះទៀត, ជុំវិញជើងបាយបត្តបូរ មានដាក់បាយកន្ទោង ០៨ ផង ហើយកន្ទោងនិមួយ ៗ មានតាំងពីបាយ ០១ ដុំ ដល់ ១៥ ដុំ ។ កន្ទោងបាយទាំង ០៨ នោះ គេទុកបម្រុង យកទៅដាក់ជុំវិញ ព្រះវិហារគ្រប់ទិសទាំងប្រាំបី ។
តាមទម្លាប់ ជាធម្មតា គេត្រូវទុកបាយបត្តបូរនៅទីវត្ត, ឯបាយបិណ្ឌ គេត្រូវនាំយកទៅ ផ្ទះ ដើម្បីនឹងប្រើការនៅពេលដែលគេបញ្ចប់បុណ្យនេះ ។ ក្រៅពីបាយបិណ្ឌ និង បាយបត្តបូរ គេមានធ្វើផ្កាបិណ្ឌ ដែលមានបាច់ផ្កា ០១ រាងដូចសាជីជ្រុង ថែមទៀត ។ ផ្កាបិណ្ឌមានឆ្អឹង កណ្ដាលធ្វើអំពីឫស្សី កំពស់ប្រហែលជា ០១ ម៉ែត្រ មានស៊កកង់ឈើមូល ៗ ជាថ្នាក់រាងធំក្រោម រៀវតូចទៅលើ ។ នៅកន្លែងកង់ជាថ្នាក់ ៗ នោះមានដោតផ្កាញ័រ ធ្វើដោយស្ពាន់ក្រាបនឹងក្រដាសគ្រប់ពណ៌ ដោយនៅចុងទង់ ធ្វើដោយខ្សែលួស តែកាលណាមានខ្យល់បក់មក សូម្បីតិចយ៉ាងណា ក៏អាចធ្វើផ្កាទាំងនោះ ឲ្យរញ្ជួយញ័រ ៗ ដែរ នៅកំពូលស៊ុម ផ្កានោះមានរូបហ្សតូចមួយធ្វើដោយឈើ នៅលើខ្នងហង្សមានដោយទៀន ០១ ផង ។ នៅវត្តខ្លះ ពួកទាយក ទាយិកា នាំគ្នាផ្លាស់ទៀននេះ រាល់យប់ ។ គេធ្វើផ្កាបិណ្ឌ ដើម្បីឧទ្ទិសបូជាដល់ប្រះចូឡាមណីចេតិយ នៅឯឋានត្រៃត្រឹង្ស ដែលជាទីតម្កល់ព្រះកេសានៃព្រះបរមសាស្ដា ដែលទ្រង់បានកាត់នៅពេលដែលទ្រង់ចេញសាងព្រះផ្នួស ។
ចាប់តាំងពីថ្ងៃពេញបូរមី ខែភទ្របទមក ទាយក ទាយិកា នាំគ្នាទៅប្រជុំនៅទីសាលាវត្ត ដែលគេវានចាត់ចែង រៀបចំលំអរ ជាស្រេចសម្រាប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រមន្ត និង សំដែងធម្មទេសនា ។ លុះចប់ធម៌ទេសនា ហើយគេនាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួនដល់ថ្ងៃបន្ទាប់មក ទើបនាំគ្នាក្រោកពីយប់ទីប្រជុំនៅឯទីវត្តទៀត ។ អ្នកណាទៅដល់វត្តមុនគេ អ្នកនោះ ទូងស្គរជាសញ្ញា ដល់អ្នកជើងវត្តឯទៀត ។ ពេលឮសញ្ញាស្គរវត្តហើយ គេប្រញាប់ប្រញាល់នាំបាយបិណ្ឌ បាយបត្តបូរ និង ម្ហូបចំណីផ្សេង ៗ ទៅកាន់វត្តយ៉ាងរួសរាន់ ។ ដល់ហើយនាំគ្នាដើរទក្ខិណាព័ត៌ព្រះវិហារ ០៣ ជុំ រួចទើបនាំគ្នាចូលទៅស្ដាប់ព្រះសង្ឃស្វាធ្យាយធម៌ ។ ធម៌ដែលព្រះសង្ឃសូត្រនៅពេលនោះមាន ០២ យ៉ាង, ធម៌មួយយ៉ាង សម្រាប់ឧទ្ទិសគ្រៀងសំណែនដល់ខ្មោច ធម៌មួយទៀត សម្រាប់តឿនព្រះអាទិត្យឲ្យរះឆាប់ឡើង ។ព្រលឹមឡើង អ្នកវេនរៀបចង្ហាន់ប្រគេនព្រះសង្ឃស្រស់ស្រូបហើយ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ យកទាំងបាយបិណ្ឌទៅផង ។
ដល់ថ្ងៃជិតត្រង់ ទើបនាំគ្នាយកចង្ហាន់ ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ម្ដងទៀត ។ គេធ្វើដូច្នេះរហូតដល់គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃទី ១៥ នេះហើយដែលជាថ្ងៃសំខាន់ជាងគេ ៕ ថាច់សង
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។