26/11/2021 22:15
ម៉ោងរៀនរបស់សមណសិស្សនៅវត្តកំពង់។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ឆ្នាំទី ៣) វត្តកំពង់ ឆ្នាំសិក្សា ២០២១-២០២២ មាន សមណសិស្ស និងយុវសិស្ស ៣៤ អង្គ និងរូបចូលរៀន។ អស់រយៈកាលជាង ០៣ ខែអនុវត្ត ម៉ឹងម៉ាត់ការបង្ការ និងទប់ស្កាត់អាសន្នរោគកូវីដ-១៩ លោកគ្រូ អ្នកគ្រូសាលាវត្តកំពង់ក៏ផ្អាកបង្រៀនដែរ។ លុះពេលមានសេចក្តីប្រកាសលេខ ០៦/TB-HDKSSYN ចុះថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១ របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ស្តីពីបន្តការបង្រៀនបណ្តាថ្នាក់ពុទ្ធិកសិក្សាក្នុងខេត្តនាឆ្នាំសិក្សា ២០២១-២០២២ គ្រូបង្រៀនវត្តកំពង់បាន បន្តការបង្រៀន តាំងពីថ្ងៃទី ៣០ តុលា ឆ្នាំ ២០២១ រហូតមក។
ដោយប្តេជ្ញាត្រៀមឲ្យបានល្អសម្រាប់ការប្រឡងយកសញ្ញាបត្រក្នុងពេលខាងមុខ គ្រូនិង សិស្សកំពុងសកម្មក្នុងការបង្រៀន និងរៀនដើម្បីបញ្ចប់កម្មវិធីសិក្សា និងរំលឹកមេរៀនឲ្យ បានល្អ។ ចំពោះសមណសិស្សដែលស្នាក់នៅវត្តរៀន គ្រូអចិន្ត្រៃយ៍ងាយស្រួលក្នុងការគ្រប់ គ្រង បង្រៀន និងរំលឹកមេរៀនឡើងវិញ។ ចំពោះយុវសិស្សមួយចំនួនដែលនៅឆ្ងាយ ដោយសារ អាសន្នរោគរាតត្បាតស្មុគស្មាញមិនបានមករៀន គ្រូអចិន្រ្តៃយ៍ក៏បង្កលក្ខណៈឲ្យនៅផ្ទះរំលឹក មេរៀន។
ម៉ោងរៀនមុខវិជ្ជាមង្គលត្ថទីបនីនៃសាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ឆ្នាំទី ៣) វត្តកំពង់។
ឆ្នាំសិក្សាកន្លង (២០២០-២០២១) ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ វត្តកំពង់ មានសិស្សប្រឡងជាប់ ១០០%។ ជាពិសេស មានសមណសិស្ស ០៥ ព្រះអង្គទទួលបាន លទ្ធផលខ្ពស់គឺ៖ ទទួលបានលេខ ១ លេខ ២ លេខ ៧ លេខ ៨ និងលេខ ៩ ។
ព្រះតេជគុណ ថាច់ច័ន្ទកុមារ គ្រូអចិន្រ្តៃយ៍ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិសាលាវត្តកំពង់មានថេរដីកាថា៖ ក្នុងនាមជាគ្រូបង្រៀនអចិន្រ្តៃយ៍ អាត្មាចលនាគ្រូបង្រៀនគ្រប់មុខវិជ្ជា យកចិត្តទុកដាក់ចំពោះការបង្រៀន និងរំលឹកមេរៀនជូនសិស្សឱ្យសមស្របនឹងពេលវេលាដ៏ខ្លីនាបច្ចុប្បន្ននេះ។ ជាពិសេស កម្មវិធីបង្រៀនក្នុងថ្នាក់ត្រូវកាត់បន្ថយឲ្យខ្លីមក និងយកចិត្តទុកដាក់បង្រៀនមេរៀនណាសំខាន់ៗ និងអនុវត្តវិធីសាស្រ្តបង្រៀនឲ្យបានល្អដើម្បីសមណសិស្សងាយយល់ ងាយចាំ ។ ជំរុញទឹកចិត្តគ្រូបង្រៀន និមន្ត និងអញ្ជើញមកបង្រៀនឲ្យបានទៀងទាត់តាមកាលបរិច្ឆេទ ព្រមទាំងផ្ញើឯកសារដល់យុវសិស្សដែលនៅផ្ទះរំលឹកមេរៀន។ បច្ចុប្បន្ន សមណសិស្ស និងយុវសិស្សបានបង្កើនស្មារតីម្ចាស់ការក្នុងការស្វាធ្យាយរៀនសូត្រដើម្បីត្រៀមប្រឡងយកសញ្ញាបត្រក្នុងពេលខាងមុខ។
ព្រះតេជគុណ ថាច់សាមុត ប្រធានថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិវត្តកំពង់ មានថេរដីកាថា៖ ដោយសារអាសន្នរោគរាតត្បាតស្មុគស្មាញ ជះឥទ្ធិពលច្រើនដល់ការរៀនសូត្ររបស់ព្រះ សង្ឃ ប៉ុន្តែអាត្មា និងមិត្តរួមថ្នាក់តែងខិតខំរំលឹកមេរៀនឲ្យបានល្អតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមប្រឡងសម្រេចបានលទ្ធផលល្អ។
ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ ព្រះចៅអធិការវត្តកំពង់មានថេរដីកាថា៖ នៅជាង០២ ខែទៀតដល់ថ្ងៃប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២។ ក្នុងនាមជាព្រះចៅអធិការវត្ត អាត្មាតែងជំរុញស្មារតី និងបង្កលក្ខណៈដើម្បីសមណសិស្សរៀនសូត្របានល្អ។ ជាក់ស្តែងគឺតាំងពីអនុវត្តគម្លាតសង្គមរហូតមកអាត្មាចលនាគណៈអារាមាភិបាល ពុទ្ធបរិស័ទមកវត្តចម្អិនចង្ហាន់ប្រគេនដល់ព្រះសង្ឃក៏ដូចជាសមណសិស្សក្នុងវត្ត មិនទុកឲ្យសមណសិស្សនិមន្តទៅបិណ្ឌបាត ដើម្បីធានាបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផង ដើម្បីបង្កលក្ខណៈឲ្យសមណសិស្សមានពេលរៀនសូត្របានល្អផង។
ពិធីប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ឆ្នាំទី ៣) ឆ្នាំសិក្សា ២០២១-២០២២ តាមការគ្រោងទុកនឹងចាត់តាំងនៅចុងខែមករា ឆ្នាំ ២០២២។ សមណសិស្ស និងយុវសិស្សចូលរួមប្រឡងត្រូវប្រឡង ១០ វិញ្ញាសាគឺ វិញ្ញាសា មង្គលត្ថទីបនី សាសនាសកល ព្រះបាតិ មោក្ខ បរមត្ថាធិប្បាយ កំណាព្យ អក្សរសាស្រ្ត គណិតវិទ្យា សរសេរតាមអាន វេយ្យាករណ៍ បាលី និងភាសាអង់គ្លេស។ ដោយបានការយកព្រះទ័យទុកដាក់ពីសំណាក់ព្រះចៅអធិការ គណៈអារាមាភិបាល ពុទ្ធបរិស័ទវត្តកំពង់ រួមនឹងស្មារតីម្ចាស់ការក្នុងការបង្រៀន និងរៀនសង្ឃឹម ថា គ្រូ និងសិស្សសាលាវត្តកំពង់នឹងទទួលបានជោគជ័យពុំខាន៕
អត្ថបទ‑រូបថត៖សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។