03/01/2023 10:06
បេក្ខសិស្សកំពុងប្រឡងនៅមណ្ឌលប្រឡងវត្តកោះកែវសិរី(កោះ)ទីក្រុងត្រាវិញ។
នៅមណ្ឌលប្រឡងវត្តកោះកែវសិរី (កោះ) ទីក្រុងត្រាវិញមានបេក្ខសិស្ស ១២២ អង្គនិង រូបចូលរួមប្រឡង។
យើងខ្ញុំបានជួបសំណេះសំណាលជាមួយសាមណេរចៅឫទ្ធិគង់នៅវត្តគោកត្រែង ខេត្តអាងយ៉ាង នៅពេលដែលប្រឡងបាន ០៣ វិញ្ញាសាដំបូង។ បេក្ខសិស្សចៅឫទ្ធិបានឲ្យដឹងថា៖ ក្នុងចំណោម ០៣ វិញ្ញាសាដែលអាត្មាបានប្រឡង បើតាមអាត្មាយល់ឃើញថា វិញ្ញាសាតែងសេចក្តីជាវិញ្ញាសាពិបាកបំផុត។ វិញ្ញាសានេះ ត្រូវពិចារណាច្រើនដើម្បីបកស្រាយបធានបទជុំវិញចំណេះវិជ្ជា និងសីលធម៌។ អាត្មាសរសេរមិនសូវបានក្បោះក្បាយប៉ុន្មានឡើយ អាត្មាមិនស្មានបានថាទទួលបានពិន្ទុកម្រិតណា។ រីឯ ០២ វិញ្ញាសាគឺវិញ្ញាសាព្រះគាថា ពុទ្ធានុពុទ្ធ អាត្មាឆ្លើយបានគួសម សង្ឃឹមថាបានពុន្ទុលើពីមធ្យមភាគ។
នៅមណ្ឌលប្រឡងវត្តចម្បាបូរី (ត្រោកលិច) ទីប្រជុំជនចូវថាញ់មានបេក្ខសិស្ស ២២៩ អង្គ និងរូបចូលរួមប្រឡង។
បេក្ខសិស្សកំពុងប្រឡងនៅមណ្ឌលប្រឡងវត្តចម្បាបូរី (ត្រោកលិច) ទីប្រជុំជនចូវថាញ់។
យុវតីដងធីបាវង៉ុកបេក្ខសិស្សមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ សិក្សានៅវត្តសុវណ្ណនទីសិរីឧត្តម (អូរតាពៅ) ចូលរួមប្រឡងនៅមណ្ឌលប្រឡងវត្តចម្បាបូរី (ត្រោកលិច)។ ទោះបីជាកំពុងរៀនថ្នាក់ ទី ៩ សាលាសកលក៏ដោយបាវង៉ុកនៅតែឆ្លៀតពេលទៅរៀនថ្នាក់ពុទ្ធិកសិក្សា។ បាវង៉ុកសំណេះសំណាលថា៖ ការប្រឡងគង់តែមានធ្លាក់មានជាប់។ ចូលរួមប្រឡងលើកនេះប្អូនអរផងភ័យផង។ ប្អូនអរដោយសារបានចូលរួមប្រឡងជាមួយមិត្តភក្តិយ៉ាងកុះករ។ ប្អូនភ័យដោយសារមិនទាន់ដឹងលទ្ធផលប្រឡងយ៉ាងណា។ មុននឹងចូលរួមប្រឡងប្អូនក៏ខិតខំទន្ទេញមេរៀនណាស់ដែរ តែដោយសារដំណាក់កាលនេះក៏ចំពេលដែល ប្អូនត្រៀមមេរៀនសម្រាប់ប្រឡងវគ្គសិក្សាទី ១ ថ្នាក់សកលដែរ ម្ល៉ោះហើយប្អូនត្រូវលៃលកពេលរៀនទាំងផ្នែកសកលផង ទាំងពុទ្ធិកសិក្សាផង។
នៅមណ្ឌលប្រឡងវត្តលតាវ័ន( ព្រៃវល្លិ៍) ស្រុកថ្កូវចាត់តាំងប្រឡងតែថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ប៉ុណ្ណោះ។ ព្រះតេជគុណគឹមចន្ថា អនុលេខាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវមានថេរដីកាបានឲ្យដឹង៖ ដោយសារស្រុកថ្កូវមានបេក្ខសិស្សពុទ្ធិមធ្យមសិក្សាបឋមភូមិឆ្នាំ ទី ១ ទី ២ និងទី ៣ ចំនួនច្រើន ដូច្នោះហើយបាន ជាគណៈមន្ត្រីសង្ឃស្រុកថ្កូវបានចាត់តាំងសម័យប្រឡងថ្នាក់ស្រុកចំនួន ០២ លើក។ សម័យប្រឡងលើកទី ១ សម្រាប់បេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សបឋមភូមិឆ្នាំទី ១ នៅមណ្ឌលប្រឡងវត្តលតាវ័ន (ព្រៃវល្លិ៍) ដោយមានសមណសិស្ស ២៤៧ អង្គ និងរូបចូលរួមប្រឡង ។ សម័យប្រឡងលើក ទី ២ នឹងចាត់តាំងនៅថ្ងៃទី ៧-៨-៩ មករាខាងមុខ នេះ នាមណ្ឌលប្រឡងវត្តសាលាពិភក្ការាម (តាសឹក) ឃុំឡុងហ៊ីប។
បេក្ខសិស្សថាច់ធីវិដា (ទី ១ ខាងស្តាំ) កំពុងប្រឡង នៅមណ្ឌលប្រឡងវត្ត ព្រៃវល្លិ៍ ស្រុកថ្កូវ។
នៅមណ្ឌលប្រឡងនាវត្តព្រៃវល្លិ៍យើងខ្ញុំបានជួបសំណេះសំណាលជាមួយបេក្ខសិស្សថាច់ធី វិដាសិក្សានៅវត្តមុនីរង្សីសិរីវរារាម (ស្វាយពក) ឃុំលឺង៉ីបអាញ់នៅពេលដែលវិដាប្រឡងបាន ០៦ វិញ្ញាសា។ ប្អូនធីវិដាបានឲ្យដឹងថា៖ ប្អូនកំពុងរៀន សកលថ្នាក់ទី ៨ ។ ដោយសាររៀនថ្នាក់សកលផងពុទ្ធិកសិក្សាផង ម្ល៉ោះហើយប្អូនមិនសូវមានពេលទន្ទេញមេរៀនបានច្រើន។ ចូលរួមប្រឡងលើកនេះប្អូនបារម្ភណាស់ដែរ តែទោះបីជាយ៉ាង ណាក៏ដោយប្អូនក៏ខំប្រឡងឲ្យអស់ពីសមត្ថភាព និងខិតខំរៀនបន្តទៀតដើម្បីបានយល់ដឹងអំពី អក្សរសាស្រ្ត-វប្បធម៌ជាតិយើងឲ្យបានជ្រៅជ្រះ។
សម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ ស្រុក ក្រុងក្នុងទូទាំងខេត្ត លើកនេះ មានបេក្ខសិស្ស ១.៩០៤ អង្គ និងរូបចូលរួមប្រឡង ៕ អត្ថបទ-រូបថត៖ សុជា