24/05/2022 09:04
អនុវត្តតាមសារលិខិតលេខ ៩៦៥-CV/HU ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២0២២ របស់គណៈអចិន្ត្រៃយ៍បក្សស្រុកចូវថាញ់ស្តីពីការដឹកនាំបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អាណត្តិកាល ២0២២ - ២0២៥ ភ្ជាប់ជាមួយនឹងការបោះឆ្នោតសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំបានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ កសាងផែនការចម្រុះ និងផែនការចូលរួមចង្អុលការបោះឆ្នោត។ ចាប់ពីថ្ងៃទី ១0 ឧសភាដល់ថ្ងៃទី ១៣ ឧសភា ឆ្នាំ ២0២២ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំសហការជាមួយគណៈការងាររណសិរ្សភូមិទាំង ០៧ ភូមិក្នុងឃុំ ចាត់តាំងសន្និបាតពិគ្រោះយោបល់ ០៣ ជំហានខាងដើម តាមសេចក្តីណែនាំលេខ 0៣/HD-MTTQ-BTT របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ ទន្ទឹមនឹងនោះ រណសិរ្សឃុំបានប្រកាសអំពីថ្ងៃបោះឆ្នោត របៀបបោះឆ្នោត នៅពេលប្រជុំជីវភាពរបស់សាខាបក្ស និងសាខាសមាគមផងដែរ។ ជាលទ្ធផល បានចាត់តាំងសន្និបាតពិគ្រោះយោបល់ ០៣ ជំហានដំបូងចំនួន ២៩ លើក មានប្រជាជនជាង ១.៦៩០ នាក់ចូលរួម។ ក្រៅពីនោះ ផ្សព្វផ្សាយតាមដំណាក់ផ្សាយសំឡេងឃុំបាន ១៨ លើកទៀតផង។
លោកង្វៀងវ៉ាំងចឿង (ខាងឆ្វេង) និងលោកគឹមសុភាព ពិគ្រោះការងារផ្សព្វផ្សាយការបោះឆ្នោត។
លោក គឹមឃូន ម្ចាស់ឆ្នោតនៅភូមិបត់ចែក ឃុំលឿងហ្វាបានឲ្យដឹងថា៖ ខ្ញុំតែងចាប់អារម្មណ៍ចំពោះការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិជានិច្ច។ ម្ល៉ោះហើយ នៅពេលរដ្ឋអំណាចភូមិអញ្ជើញខ្ញុំចូលរួមសន្និបាតពិគ្រោះយោបល់ ខ្ញុំចូលរួមគ្រប់ពេលដើម្បីជ្រើសបេក្ខជនឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិជាអ្នកគ្រប់សម្បទាទទួលនាទីជាប្រធានគណៈកម្មការប្រជាជនភូមិផង និងស្របតាមតម្រូវការអនុវត្តទម្រង់ “អនុលេខាសាខាបក្ស និងជាប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់” ផងតាមសេចក្តីកំណត់របស់សារលិខិតលេខ ៣៤៧-CV/TU ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ របស់គណៈអចិន្ត្រៃយ៍បក្សខេត្តត្រាវិញ “ស្តីពីការដឹកនាំបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់អាណត្តិកាល ២០២២ - ២០២៥ ភ្ជាប់ជាមួយការបោះឆ្នោត សមាជិកគណៈអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន” ។
ភូមិបត់ចែក ឃុំលឿងហ្វាមានម្ចាស់ឆ្នោតតំណាងឲ្យគ្រួសាររួមក្នុងភូមិ ៤៤៥ គ្រួសារ (ក្នុងនោះ ម្ចាស់ឆ្នោតជនជាតិខ្មែរ ៨៧% )បម្រុងជាស្រេចដើម្បីបំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ។
លោកមា គឹមសុភាព ប្រធានគណៈកម្មការប្រជាជនភូមិបត់ចែកមានប្រសាសន៍ថា៖ អនុវត្តតាមកិច្ចចង្អុលការរបស់គណៈចង្អុលការបោះឆ្នោតឃុំ ភូមិបត់ចែក បានផ្សព្វផ្សាយការងារជាច្រើន ក្នុងនោះមានឡើងបញ្ជីរាយនាមអ្នកឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ ដើម្បីផ្ញើជូនគណៈចង្អុលការបោះឆ្នោតឃុំ។ ភូមិកំណត់ថា ការងារបោះឆ្នោតជាការងារសំខាន់ ម្ល៉ោះហើយ ភូមិបានផ្តុំកម្លាំងចាត់តាំងសន្និបាតពិគ្រោះយោបល់ភ្ជាប់ជាមួយការផ្សព្វផ្សាយការបោះឆ្នោតនៅមូលដ្ឋាន។ បណ្តាសកម្មភាពពាក់ព័ន្ធដល់ការងារបោះឆ្នោតតែងបានប្រជាជនចូលរួមគាំទ្រយ៉ាងសកម្ម។
លោកង្វៀងវ៉ាំងចឿង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលឿងហ្វាបានឲ្យដឹងថា៖ បន្ទាប់ពីមានលទ្ធផលសន្និបាតពិគ្រោះយោបល់លើកទី ០៣ ឃុំបានផ្ញើ និងរង់ចាំគណៈចង្អុលការបោះឆ្នោតស្រុកអនុម័តបញ្ជីបេក្ខជនឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ និងបេក្ខជនឈរឆ្នោតជាសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ ដើម្បីបិទប្រកាសនៅ ០៧/០៧ កន្លែងបោះឆ្នោតក្នុងឃុំ។ ទន្ទឹមនឹងនោះសហការជាមួយអង្គការមហាជនឃុំ ចលនាប្រជាជនចូលរួមអនាម័យបរិស្ថាន បន្តការផ្សព្វផ្សាយ អនុវត្តល្អបណ្តាវិធានការទប់ស្កាត់អាសន្នរោគមុន ក្នុង និងក្រោយពេលបោះឆ្នោត។ ក្រៅពីនេះ ឃុំផ្ដុំផ្សព្វផ្សាយបណ្តាឯកសាររបស់ខេត្ត ស្រុក ដែលមានខ្លឹមសារទាក់ទងដល់ការងារបោះឆ្នោត។ យកចិត្តទុកដាក់ផ្សព្វផ្សាយដើម្បីប្រជាជនបង្កើនការយល់ដឹងពីគោលបំណង និងអត្ថន័យនៃការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ ដើម្បីប្រជាជនអនុវត្តល្អនូវសិទ្ធិ កាតព្វកិច្ចប្រជាពលរដ្ឋចូលរួមបោះឆ្នោតឲ្យបានកុះករ ត្រឹមត្រូវជ្រើសអ្នកទទួលនាទីជាប្រធានគណៈកម្មការប្រជាជនភូមិតាមច្បាប់កំណត់។
ដោយមានការត្រៀមបម្រុងម៉ត់ចត់ ត្រូវតាមពេលវេលាដូច្នោះសង្ឃឹមថាម្ចាស់ឆ្នោតជាង ២.៩៩០ នាក់ តំណាងឱ្យបណ្តាគ្រួសារក្នុងឃុំទៅបោះឆ្នោតឆ្នោតជ្រើសអ្នកគ្រប់សម្បទាទទួលនាទីជាប្រធានគណៈកម្មការប្រជាជននៅ 0៧/ 0៧ ភូមិ ក្នុងឃុំ៕
អត្ថបទ‑រូបថត៖ សុជា