09/04/2021 07:59
ក្នុងបណ្តាឆ្នាំកន្លង ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងបានថ្នាក់លើវាយតម្លៃខ្ពស់អំពីការអនុវត្តន៍ល្អការផ្លាស់ប្តូររចនាសម្ព័ន្ធផលិត ក្នុងនោះមានការអនុវត្តន៍ពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម ទទួលបានលទ្ធផលខ្ពស់ ជួយឱ្យជីវភាពជនរួមជាតិខ្មែរមិនបង្អង់បានលើកកម្ពស់។
ទោះបីតម្លៃមុខទំនិញកសិផល និងសត្វចិញ្ចឹមមួយចំនួនមានការប្រែប្រួល និងជះឥទ្ធិពលអំពីជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ឃុំហ៊ីបហ្វានៅតែរក្សាបានល្បឿនកំណើនសេដ្ឋកិច្ច ៩,៨%។ លោកត្រឹងភឿកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វាបានឱ្យដឹងថា៖ ដោយបានការយកចិត្តទុកដាក់ពីបណ្តាផ្នែកក្នុងការផ្សព្វផ្សាយអនុវត្តគោលនយោបាយទាក់ទងដល់ជនរួមជាតិខ្មែរ ម៉្លោះហើយឃុំក៏ងាយស្រួលក្នុងការបំផុសចលនាមាមីងពង្រីកសេដ្ឋកិច្ច ចិញ្ចឹមសត្វ បន្ថយភាពក្រីក្រ អនុវត្តពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម។ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ មូលដ្ឋានរក្សាបានកម្រិតកំណើនសេដ្ឋកិច្ចបង្គួរ ជាក់ស្តែងគឺវិស័យកសិកម្មកើនពី ៦-៧%។ បច្ចុប្បន្ន ឃុំហ៊ីបហ្វា រក្សាបានល្អរបរផលិតស្រូវ និងដាំដំណាំ។ អំពីស្រូវ ផលិតបាន ០២ រដូវក្នុងមួយឆ្នាំ ទិន្នផលសម្រេចមធ្យម ៦,៣ តោនមួយហិកតា (មួយរដូវ)។ ជាពិសេសក្នុងរដូវស្រូវសម្រកឆ្នាំនេះ ផ្ដើមពីការផុលផុសគំនិតដោយខ្លួនឯង មាមីងកសិករចុះពូជស្រូវបានជិត ៨០០ ហិកតា ស្រូបយកអត្រាប្រមាណ ៣៦% នៃផ្ទៃដីកសិកម្ម។ ទន្ទឹមនឹងនោះ មាមីងក៏ចុះពូជដំណាំគ្រប់ប្រភេទបានជាង ៦០០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅបណ្ដាភូមិ៖ ចុងមីសចាស់ កំពង់ទូក កោះសាន្ត ភាវ។
កសិករឃុំហ៊ីបហ្វាថែទាំដំណាំ។
ក្នុងបណ្តាខែដើមឆ្នាំ ២០២១ តម្លៃផលដំណាំមួយចំនួនដូចជាសណ្តែកដីជាដើមស្ថិតនៅកម្រិតខ្ពស់បង្គួរ។ បងថាច់ស្វាង នៅភូមិចុងមីសចាស់បានឱ្យដឹងថា៖ គ្រួសារគាត់ទើបប្រមូលផលសណ្តែកដី ០,៣ ហិកតាទិន្នសម្រេចជិត ៣ តោន បានឈ្មួញមកប្រមូលទិញដោយតម្លៃក្នុងមួយគីឡូក្រាម។ ១៤.៥០០ ដុង។ ក្រោយពេលទូទាត់រាល់ខ្ទង់ចំណាយ គ្រួសារគាត់នៅចំណេញក្នុងមួយកុងបានជាង ០៦ លានដុង ។
មាមីងជនរួមជាតិខ្មែរមួយចំនួនក៏រីករាយជាមួយរដូវស្រូវសម្រកដែលទើបប្រមូលផល។ បងថាច់រ៉េត នៅភូមិភាវបានឱ្យដឹងថា៖ ជាមួយផ្ទៃដី ១,២ ហិកតា គ្រួសារប្រមូលផលបានជាង ០៩ តោន ហើយលក់ក្នុងមួយគីឡូក្រាមជាមួយតម្លៃ ៦.៤០០ ដុង។ ក្រោយពេលទូទាត់រាល់ខ្ទង់ចំណាយរួចនៅចំណេញក្នុងមួយកុងបានប្រមាណ ០៣ លានដុង។ បងថាច់រ៉េតឱ្យដឹងបន្ថែមទៀតថា៖ ផលិតស្រូវរដូវសម្រកងាយស្រួល មិនសូវបង់កម្លាំងថែទាំ មិនសូវមានដង្កូវក្រា ជួយឱ្យគ្រួសារខ្ញុំទទួលបានប្រាក់កម្រៃខ្ពស់ជាង។
អំពីការចិញ្ចឹមជលផល បច្ចុប្បន្ន មានគ្រួសារមួយចំនួនតែងយកចិត្តទុកដាក់ បង្កបានជាតំបន់ជំនាញចិញ្ចឹមមានប្រសិទ្ធភាព។ ក្នុងត្រីមាសទី ១ឆ្នាំ ២០២១ មានគ្រួសារ ០៧ គ្រួចិញ្ចឹមបង្គានាគក្នុងផ្ទៃស្រះ ២,១ ហិកតា ជាមួយចំនួនកូនពូជ ៨៦០.០០០ ក្បាល។ មានគ្រួសារ ១៣ គ្រួចិញ្ចឹមបង្កងជើងសក្នុងផ្ទៃស្រះ ៤,៨ ហិកតា ជាមួយកូនពូជ ២,៩ លានក្បាល។ មានគ្រួសារចិញ្ចឹមបង្កងជើងស ០៣ គ្រួប្រមូលផលក្នុងមួយហិកតា បានប្រាក់កម្រៃជាង ៣០០ លានដុង ។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៨/២០១៦/QĐ-UBND ចុះថ្ងៃទី ២៤ វិច្ឆិកាឆ្នាំ ២០១៦ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការចេញផ្សាយសេចក្តីកំណត់ឧបត្ថម្ភលើកកម្ពស់ប្រសិទ្ធភាពចិញ្ចឹមសត្វរបស់គ្រួសារកសិករលើភូមិសាស្រ្តខេត្តដល់ឆ្នាំ ២០២០ មូលដ្ឋានបានពិនិត្យ ស្នើដោះស្រាយឱ្យគ្រួសារ ៣២ គ្រួចិញ្ចឹមគោជាង ៤០ ក្បាល សរុបប្រាក់ឧបត្ថម្ភជិត ៥០០ លានដុង។ បច្ចុប្បន្ន គិតដោយឡែកតែហ្វូងគោលើភូមិសាស្រ្តមានប្រមាណ ៤.០០០ ក្បាលបានបណ្តាគ្រួសារប្រជាជនចិញ្ចឹមជាទ្រង់ទ្រាយកសិដ្ឋាន និងទ្រង់ ទ្រាយគ្រួសារ ក្នុងនោះមានគោជាង ៩៤% បានបង្កាត់ពូជគោបរទេសមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ មូលដ្ឋាននៅទាំងចង្អុលការរក្សាទម្រង់សេដ្ឋកិច្ចសមូហភាពពិញ្ចឹមគោមេនៅភូមិភាវ មានសមាជិក ១០ នាក់ចូលរួម សរុបចំនួនគោមេជាង ៣០ ក្បាល។ ប្រសិទ្ធភាពពីការអនុវត្តន៍ពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម បច្ចុប្បន្ន មានគ្រួសារជនរួមជាតិខ្មែរភាគច្រើនលើភូមិសាស្រ្តឃុំហ៊ីបហ្វាបានឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។