15/12/2020 08:26
ដើម្បីបន្តការលើកកម្ពស់គុណភាពអប់រំប្រគេនជូនព្រះសង្ឃនិងកូនចៅពុទ្ធបរិស័ទនៅមូលដ្ឋាន វត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវ តែងរិះរកវិធីសាស្រ្តបង្រៀន អប់រំព្រះសង្ឃនិងកូនចៅពុទ្ធបរិស័ទឲ្យបានល្អទាំងគុណសម្បត្តិនិងវិជ្ជាសម្បត្តិតាមមាគ៌ាពុទ្ធសាសនាផង អក្សរសាស្រ្តជាតិផង រួមចំណែកអភិរក្សនិងអភិវឌ្ឍភាសា និងវប្បធម៌ជាតិ ។
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកនិងថ្នាក់ដឹកនាំស្រុក ពិនិត្យការងារចាត់តាំងមណ្ឌលប្រឡង។
ចំណុះជើងវត្តស្វាយសៀមចាស់មានគ្រួសារពុទ្ធបរិស័ទជាង ១.០០០ គ្រួ។ ក្នុងនោះគ្រួសារពុទ្ធបរិស័ទជនជាតិខ្មែរស្រូបយកអត្រា ៧០% គ្រួសារពុទ្ធបរិស័ទ ជនជាតិកិញ និងចិន ៣០%។ ជនជាតិខ្មែរ-កិញ‑ចិននៅលើភូមិសាស្រ្តតែងគោរពតាមពុទ្ធសាសនា។ វត្តគឺជាមជ្ឈមណ្ឌលអប់រំសហគមន៍ ជាបូជនីយដ្ឋានសម្រាប់រៀនភាសាសាស្រ្ត និងអក្សរសាស្រ្តជាតិ ជាពិសេសជាមណ្ឌលអប់រំអំពីសីលធម៌ សុចរិតធម៌ ដើម្បីពុទ្ធបរិស័ទកសាងខ្លួនជាសប្បុរសជន និងចូលរួមកសាងសង្គមបានរីកចម្រើន។ព្រះចៅអធិការ ព្រះឧទ្ទេសាចារ្យនិងគណាចារ្យបង្រៀនគឺជាអ្នកឧបត្ថម្ភគាំទ្រទាំងសម្ភារនិងស្មារតីដើម្បីកូនចៅពុទ្ធបរិស័ទបានរៀនសូត្រ ផ្ដោះប្តូរវប្បធម៌ដ៏មានប្រយោជន៍ក្នុងវត្ត។ ជារៀងរាល់ឆ្នាំវត្តមានព្រះសង្ឃពី ៦០-៧០ អង្គរៀនសូត្រ។ ក្នុងនោះមានព្រះសង្ឃជាអាគន្តុកៈប្រមាណ ៦០% មកគង់អាស្រ័យវត្តដើម្បីរៀនសូត្រ។ ក្នុងឆ្នាំសិក្សា ២០២០-២០២១ វត្តបើកថ្នាក់ពុទ្ធិកសិក្សាបឋមភូមិ‑ទុតិយភូមិបាន ០៣ ថ្នាក់ រួមមាន៖ ពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី ១ ឆ្នាំទី ២ និងពុទ្ធិកសិក្សាទុតិយភូមិឆ្នាំទី ១ ដោយមានសមណសិស្ស និងសិស្សជិត ៩០ អង្គនិងរូបចូលរៀន។ រដូវវិស្សមកាលវត្តតែងបើកបង្រៀនថ្នាក់ខេមរភាសាក្នុងវត្ត ទាក់ទាញកូនចៅពុទ្ធបរិស័ទជិត ៣០០ នាក់មកចុះឈ្មោះរៀន។
ដើម្បីបន្តការពង្រឹងនិងពង្រីកប្រវេណីដ៏ល្អរបស់អតីតព្រះចៅអធិការគ្រប់ជំនាន់ ព្រះតេជគុណ ថាច់ថាយយ៉ៀង តែងអនុវត្តល្អការងារអប់រំព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទ។ ព្រះចៅអធិការថាច់ថាយយ៉ៀងមានថេរដីកាឲ្យដឹងថា៖ ដើម្បីបន្តការបង្កើនគុណភាពអប់រំ បច្ចុប្បន្នអាត្មាបានទិញម៉ាស៊ីនកំព្យុទ័រ ១៨ គ្រឿង បម្រុងជួលគ្រូបង្រៀនមកបង្រៀនក្នុងវត្ត។ នេះជាថ្នាក់រៀនដោយឥតគិតថ្លៃ ដើម្បីបង្កលក្ខណៈឲ្យព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទបានរៀនសូត្របច្ចេកវិទ្យាព័ត៌មាន រៀនចំណេះវិជ្ជាផ្សេង មានប្រយោជន៍ក្នុងសម័យទំនើប។
ព្រះតេជគុណគឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិកំពុងថ្លែងការក្នុងពេលត្រួតពិនិត្យមណ្ឌលប្រឡង។
ឆ្នាំសិក្សា ២០២០‑២០២១ វត្តស្វាយសៀមចាស់ទទួលចាត់តាំងមណ្ឌលប្រឡងរួមថ្នាក់ពុទ្ធិកបឋមសិក្សាឆ្នាំទី ២ ឆ្នាំទី ៣ នៅដើមខែមករាឆ្នាំ ២០២១ ដោយមានបេក្ខសិស្សជិត ៣៦០ អង្គនិងរូបចុះឈ្មោះប្រឡង។
លទ្ធផលដែលព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តសម្រេចបានអាស្រ័យដោយការឧបត្ថម្ភយ៉ាងស្ងៀមស្ងាត់របស់វត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ហើយអ្នកជាមគ្គុទ្ទេសក្នុងវត្តគឺព្រះចៅអធិការ ព្រះចៅអធិការរង និងការឧបត្ថម្ភគាំទ្ររបស់ប្រជាពុទ្ធបរិស័ទទាំងចតុទ្ទិស។ លោកថាច់ភឿក ប្រធានគណៈកម្មការវត្តបានឲ្យដឹងថា៖ ពុទ្ធបរិស័ទទាំងចតុទ្ទិសនិយាយរួម ពុទ្ធបរិស័ទចំណុះជើងវត្តស្វាយសៀមចាស់និយាយដោយឡែក តែងមានសទ្ធាជ្រះថ្លាឧបត្ថម្ភវត្តដើម្បីវត្តឧបត្ថម្ភព្រះសង្ឃរៀនសូត្រ។ ក្រៅពីនោះ ពុទ្ធបរិស័ទនៅទាំងមានសទ្ធាជ្រះថ្លាចូលរួមកសាងកុដិសាលានិងសម្ភារសម្រាប់ព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទរៀនសូត្របានល្អជានិច្ច។
ព្រះតេជគុណ ថាច់ញ៉ឹក អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវមានថេរដីកាឲ្យដឹងថា៖ វត្តស្វាយសៀមចាស់តែងអនុវត្តល្អការងារអប់រំដល់ព្រះសង្ឃ និងពុទ្ធបរិស័ទជានិច្ច។ ជាពិសេសក្នុងឆ្នាំសិក្សានេះ វត្តនៅទាំងទទួលចាត់តាំងមណ្ឌលប្រឡងរួមថ្នាក់ពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី ២ និងឆ្នាំទី ៣ រួមចំណែកជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកអនុវត្តសម្រេចភារកិច្ចអប់រំក្នុងឆ្នាំសិក្សានេះ។ វត្តតែងយកចិត្តទុកដាក់អប់រំព្រះសង្ឃខ្ចីវស្សារៀនសូត្របានល្អដើម្បីបន្តប្រវេណីរៀនសូត្ររបស់វត្ត រួមចំណែកបណ្តុះបណ្តាលបញ្ញវ័ន ប្រភពធនធានមនុស្សតំបន់ជនជាតិខ្មែរជូនបក្សនិងរដ្ឋ៕
អត្ថបទ‑រូបថត៖សុជា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។