22/05/2022 07:41
ក៏ដូចជាបណ្ដាវត្តដទៃដែរ ឆ្នាំសិក្សា ព.ស. ២៥៦៦ វត្តសាលាពិភក្ការាម(តាសឹក) ឃុំឡុងហ៊ីប ស្រុកថ្កូវ បើកថ្នាក់ពុទ្ធិកសិក្សាបាន ២ ថ្នាក់រួមមាន៖ ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ និងពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ ដោយមានសមណសិស្ស‑សិស្សជាង ៣០ អង្គ‑រូបចូលរៀន។ ព្រះតេជគុណលឺស្មិត ព្រះចៅអធិការវត្តសាលាពិភក្ការាម(តាសឹក)មានសង្ឃដីកាឱ្យដឹងថា៖ ការបើកបណ្ដាថ្នាក់ពុទ្ធិកសិក្សាបានក្លាយជាទំនៀមមួយរបស់វត្តក្នុងរយៈពេលជាច្រើនឆ្នាំកន្លង។ ឱ្យតែក្រោយពីចាត់តាំងពិធីបុណ្យពិសាខបូជានាថ្ងៃពេញបូណ៌មីរួច សមណសិស្ស‑សិស្សតែងមូលមកជួបជុំដើម្បីចូលរៀនថ្នាក់ពុទ្ធិកសិក្សា។ ដើម្បីធានាឱ្យការបង្ហាត់បង្រៀនបណ្ដាវិញ្ញាសាថ្នាក់ពុទ្ធិកសិក្សា វត្តនៅទាំងនិមន្តព្រះធម្មាចារ្យ ឧទ្ទេសាចារ្យនៃវត្តមួយចំនួនមកចូលរួមបង្ហាត់បង្រៀនទៀតផង។ ក្រៅពីបើកបណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សាបង្រៀនសមណសិស្ស‑សិស្ស វត្តនៅទាំងត្រៀមបម្រុងបណ្ដាសម្ភារចាំបាច់ដើម្បីទទួលប្អូនៗមករៀនថ្នាក់ខេមរភាសានៅរដូវវិស្សមកាលពីសាលាសកលទៀតផង។ តាមការគ្រោង វត្តនឹងបើកថ្នាក់វិជ្ជាខេមរភាសាពី ៤‑៥ ថ្នាក់ ក្នុងឱកាសវិស្សមកាលទទួលប្អូនៗប្រមាណ ១៥០ រូបចូលរៀននៅពេលខាងមុខ។
ម៉ោងរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សារបស់សមណសិស្ស‑សិស្សនៅវត្តតាសឹក។
វត្តសាលាពិភក្ការាម(តាសឹក) ជាវត្តមួយស្ថិតនៅក្បែរសាលាវិទ្យាល័យឡុងហ៊ីប ងាយស្រួលសម្រាប់បណ្ដាសមណសិស្ស‑សិស្សស្នាក់នៅដើម្បីបានសិក្សាទាំងផ្នែកសកល ទាំងថ្នាក់ពុទ្ធិកសិក្សានៅក្នុងវត្ត។ ប្អូនថាច់ធីស្រៀង នៅភូមិអញ្ចាញ់ (ឃុំឡុងហ៊ីប) ជាសិស្សថ្នាក់ទី ១០ សាលាវិទ្យាល័យឡុងហ៊ីបបានឱ្យដឹងថា៖ ដោយមានបំណងរៀនសូត្រចំណេះដឹងផ្នែកសកល និងពុទ្ធិកសិក្សា ម៉្លោះហើយប្អូនតែងឆ្លៀតពេលរៀនផ្នែកសកលនៅសាលារួច ប្អូនចូលរៀននៅវត្តទៀត។ ដោយអាស្រ័យបានព្រះចៅអធិការ គ្រូបង្រៀនបង្កលក្ខណៈឲ្យ ទើបប្អូនមានជំនឿលើខ្លួនឯងក្នុងការរៀនសូត្រ។ ប្អូនខិតខំរៀនសូត្រឱ្យបានល្អទាំងផ្នែកសកល និងពុទ្ធិកសិក្សាដើម្បីសមស្របតាមក្ដីប្រាថ្នារបស់ឪពុកម្ដាយ និងបំណងរបស់គ្រូបង្រៀន។
ក្រៅពីបង្កលក្ខណៈឲ្យប្អូនថាច់ធីស្រៀង និងសិស្សានុសិស្សដទៃទៀតមានភាពងាយស្រួលក្នុងការរៀនសូត្រ វត្តនៅទាំងគិតគូរអប់រំអំពីសីលធម៌ របៀបរស់នៅ និងប្រជុំជីវភាពប្រចាំថ្ងៃសម្រាប់ប្អូនៗទៀតផង។ ទន្ទឹមនឹងនោះតាមដាន បើសិនមានសិស្សមានសំដីសំដៅឫកពាខុសឆ្គងពី លក្ខន្តិកវត្ត លក្ខន្តិកសាលា និងសេចក្ដីកំណត់របស់មូលដ្ឋានក្នុងការរៀនសូត្រ ប្រជុំជីវភាពនោះ ព្រះចៅអធិការនឹងសហការជាមួយគ្រូបង្រៀនអចិន្ត្រៃយ៍តែងដាស់តឿនក្រើនរំលឹក។ ប្រការនោះកាន់តែធ្វើឱ្យប្អូនចង់បានផ្សារភ្ជាប់នឹងការរៀនសូត្រនៅវត្តនេះបានយូរអង្វែង។
ក្នុងឆ្នាំសិក្សា ២០២១‑២០២២ មានសមណសិស្សចំនួន ៧ អង្គកំពុងរៀនសាលាអនុវិទ្យាល័យ វិទ្យាល័យឃុំឡុងហ៊ីប។ ព្រះតេជគុណ លឺស្មិត មានសង្ឃដីកាឱ្យដឹងបន្ថែមទៀតថា៖ វត្តតែងត្រៀមរាល់លក្ខណៈទទួលសមណសិស្ស‑សិស្សមកសុំស្នាក់អាស្រ័យរៀនសូត្រនៅក្នុងវត្ត ពីព្រោះបំណងរបស់វត្តគឺមានការរួមចំណែកក្នុងការបណ្ដុះបណ្ដាលបច្ឆាជន។ វត្តលៃលកកន្លែងស្នាក់នៅ ហូបចុក បើសិនប្អូនៗរៀននៅសាលាសកលពេលព្រឹក លុះអស់ម៉ោងរៀនមកហូបចុក រួចសម្រាកនៅវត្ត ដល់ពេលរសៀលបន្តការសិក្សាថ្នាក់ពុទ្ធិកសិក្សានៅក្នុងវត្តទៀត។
ម៉ោងរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សារបស់សមណសិស្ស‑សិស្សនៅវត្តតាសឹក។
ជារៀងរាល់ឆ្នាំ ក្នុងរដូវវិស្សមកាលពីសាលាពុទ្ធិកសិក្សា(អំឡុងពេលប្រហែលពីខែមាឃដល់ខែចេត្រ) វត្តតែងចាត់តាំងថ្នាក់រៀនអប់រំវិស្សមកាលដើម្បីពង្រឹងចំណេះដឹងសម្រាប់សមណសិស្ស។ ទង្វើនោះក៏ដើម្បីបង្កប្រភពសមណសិស្សសម្រាប់បណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សានៅក្នុងវត្ត និងវត្តនានាលើភូមិសាស្រ្តសមស្របជាមួយចំណេះរៀនសូត្ររបស់សមណសិស្ស‑សិស្ស។ អាស្រ័យទទួលប្អូនពីកន្លែងនានាមកស្នាក់អាស្រ័យរៀនសូត្រ វត្តក៏កសាងបានកន្លែងសម្រាប់ដាក់យានជំនិះ ដើម្បីជួយឱ្យបណ្ដាមធ្យោបាយដែលចូលមកក្នុងវត្តមានរបៀបរៀបរយល្អប្រសើរជាង ទន្ទឹងនឹងនោះធានាសុវត្ថិភាពបណ្ដាមធ្យោបាយរបស់ប្អូនៗ។
ក្នុងឆ្នាំសិក្សាពុទ្ធសករាជ ២៥៦៦ វត្តសាលាពិភក្ការាម(តាសឹក) បានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកអនុញ្ញាតឱ្យប្រឡងបញ្ចប់ឆ្នាំសិក្សារួមបណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ស្រុក(ទី ១ និងទី ៣)។ ទន្ទឹមជាមួយការបើកថ្នាក់រៀនសម្រាប់សមណសិស្ស‑សិស្សវត្តក៏ត្រៀមបម្រុងល្អបណ្ដាមូលដ្ឋានសម្ភារសម្រាប់សម័យប្រឡង។ សង្ឃឹមជាក់ថា ការត្រៀមបម្រុង ការយកព្រះទ័យទុកដាក់របស់ព្រះចៅអធិការ ការរួបរួមសាមគ្គីរបស់គណៈអារាមាភិបាល និងពុទ្ធបរិស័ទវត្តតាសឹក មិនត្រឹមតែជួយឱ្យការងារអប់រំសម្រេចបានលទ្ធផលខ្ពស់ឡើយ នៅទាំងចាត់តាំងសម័យប្រឡងពុទ្ធិកមធ្យមសិក្សាពុទ្ធសករាជ ២៥៦៦ ទទួលបានជោគជ័យល្អប្រសើរទៀតផង៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។