02/02/2023 14:46
លោកថាច់មុនី អនុប្រធានគណៈជនជាតិខេត្តបានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តតែងបង្កលក្ខណៈងាយស្រួលចំពោះវិស័យសិក្សារៀនសូត្រអក្សរសាស្រ្តខ្មែរ ផ្នែកពុទ្ធិកសិក្សារបស់សាលាគណខេត្តជាដើម។ វិស័យសិក្សាអប់រំផ្នែកពុទ្ធិកសិក្សាតាមវត្តពុទ្ធសាសនាមហានិកាយខ្មែរបានរួមចំណែកយ៉ាងសកម្មក្នុងបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត ជាពិសេសរួមចំណែកយ៉ាងសកម្មក្នុងការរក្សាអត្តសញ្ញាណជនជាតិខ្មែរ រុងរឿងតទៅអនាគត។
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតមហាថាច់អង (ទី ៣ រាប់ពីឆ្វេងទៅស្តាំ) ប្រធានគណៈចាត់តាំងមណ្ឌលប្រឡង ។
មណ្ឌលប្រឡងមានកិត្តិយសណាស់ដោយបានទទួលស្វាគមន៍ដំណើរនិមន្តមកចូលរួមរបស់ព្រះគ្រូសុទ្ធីវីរបណ្ឌិតចៅគុណជោ ប្រធានការិយាល័យផ្នែកផ្សព្វផ្សាយពុទ្ធសាសនា និងអភិវឌ្ឍសង្គមនៃសាលាសាកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យប្រទេសថៃ ។ ព្រះគ្រូសុធីវីរបណ្ឌិតមានព្រះថេរដីកាថា៖ អាត្មារីករាយណាស់ដែលបានចូលរួមកម្មវិធីប្រឡងពុទ្ធិកសិក្សាមហានិកាយខ្មែរនៅប្រទេសវៀតណាម។ បក្ស រដ្ឋក៏ដូចជាព្រះសង្ឃ និងពុទ្ធបរិស័ទនៅទីនេះមានការសាមគ្គីចាត់តាំងកម្មវិធីប្រឡងបានល្អណាស់ បញ្ជាក់ឲ្យឃើញថា ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនៅទីនេះបានសិក្សារៀនសូត្រ និងគោរពប្រតិបត្តិល្អតាមមាគ៌ាពុទ្ធសាសនា។
ព្រះតេជគុណមហាសម្បត្តិ ព្រះចៅអធិការវត្តគោកទៀម ចាងហ្វាងសាលាភាសាបាលីប្រចាំខេត្តលុបបូរី ប្រទេសថៃដែលមានកំណើតនៅវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) បាននិមន្តមកចូលរួមកម្មវិធីប្រឡងនិងមានថេរដីកាថា៖ កម្មវិធីប្រឡងពុទ្ធិកសិក្សាថ្នាក់ខេត្តបានចាត់តាំងនៅវត្តកំណើតរបស់អាត្មា ម្ល៉ោះហើយទោះបីមានការរវល់យ៉ាងណាក៏អាត្មាឆ្លៀតពេលមកចូលរួមដែរ។ អាត្មាមានសទ្ធាជ្រះថ្លាណាស់ដោយបានឃើញសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ក៏ដូចព្រះសង្ឃ និងពុទ្ធបរិស័ទវត្តពោធិវង្សកំពង់ដូងសាមគ្គីគ្នាចូលរួមធ្វើកិច្ចការនៅមណ្ឌលប្រឡងនេះបានល្អគ្រប់យ៉ាង។
ព្រះគ្រូសុទ្ធីវីរបណ្ឌិត ចៅគុណជោ (កណ្តាល) ថតរូបអនុស្សាវរីយ៍ជាមួយព្រះសង្ឃនៅមណ្ឌលប្រឡង។
ព្រះតេជគុណគឹមម័ន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ប្រធានគណៈកម្មាធិការពុទ្ធិកសិក្សាស្រុកទីវកឹង ព្រះចៅអធិការរងវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង)មានថេរដីកាថា៖ អាត្មា និងពុទ្ធបរិស័ទចំណុះជើងវត្តរីករាយឥតឧបមា ដោយបានការអនុញ្ញាតអំពីគណៈមន្រ្តីសង្ឃខេត្តបានដាក់ឲ្យមណ្ឌលប្រឡងថ្នាក់ខេត្តវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង)។ នេះហើយជាតិថីសិរីភទ្ទភព្វព្រេងវាសនាសាវតាចារជាប្រវត្តិកំណត់ទុកក្នុងក្រឪបេះដូងនៃវត្តពោធិវង្សកំពង់ដូងដែលមានអាយុកាលជាង ០៣ សតវត្សរ៍មកហើយ។ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តសូមអរព្រះគុណ និងអរគុណចំពោះសប្បុរសជនទាំងឆ្ងាយជិត ដែលមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភក្នុងកម្មពិធីប្រឡងនេះ។
ព្រះតេជគុណថាច់ថឿ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹងតំណាងឲ្យគណៈមេប្រយោគជាង ២៤០ អង្គ និងរូបមានថេរដីកាថា៖ អក្សរសាស្រ្តជាតិបានរុងរឿងស្ថិតស្ថេរចេរកាលអាស្រ័យកុលបុត្រកុលធីតាខ្មែរខិតខំរៀនសូត្រ។ ការចាត់តាំងសម័យប្រឡងយកសញ្ញាបត្រពុទ្ធិកសិក្សាថ្នាក់ខេត្តគឺដើម្បីបញ្ជាក់ក៏ដូចជាលើកស្ទួយការខិតខំរៀនសូត្ររបស់កូនចៅប្រជាពុទ្ធបរិស័ទខ្មែរ។ ក្នុងនាមជាតំណាងគណៈមេប្រយោគចូលរួមបំពេញភារកិច្ចនៅមណ្ឌលប្រឡងនេះ យើងខ្ញុំតែងខិតខំផ្ចិតផ្ចង់ផ្ទៀងផ្ទាត់កែវិញ្ញាសាដោយយុត្តិធម៌ អនុវត្តល្អនៅរាល់ភារកិច្ចដែលគណៈមន្តី្រសង្ឃខេត្តបានប្រគល់ជូន ដើម្បីរួមចំណែកក្នុងការងារជាប្រយោជន៍ដល់ជាតិ និងសាសនា។
ការចាត់តាំងមណ្ឌលប្រឡងបានញ៉ាំងឲ្យពុទ្ធបរិស័ទទាំងចតុទ្ទិសមានសទ្ធាជ្រះថ្លាចូលរួមជាកុសលជាមួយគណៈចាត់តាំង។ ព្រះតេជគុណត្រឹងយ៉ឹង ព្រះចៅអធិការវត្តនាគវនារាម (ខ្ទឹង) សង្កាត់លេខ ៧ ទីក្រុង ត្រាវិញ ក៏មានសទ្ធាជ្រះថ្លាចូលរួមជាបច្ច័យផ្ទាល់អង្គ និងចលនាពុទ្ធបរិស័ទចូលរួមប្រគេន និងជូនអំណោយដល់បេក្ខសិស្ស និងគណៈមេប្រយោគនៅមណ្ឌលប្រឡង។ ព្រះតេជគុណត្រឹងយ៉ឹងមានថេរដីកា៖ ការប្រឡងរួមផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិថ្នាក់ខេត្តឆ្នាំនេះទុកដូចជាពិធីបុណ្យជាតិរបស់ប្រជាពុទ្ធបរិស័ទខ្មែរយើងដែរ។ ម្ល៉ោះហើយ អាត្មាចូលរួមជាកុសល និងបវារណាពុទ្ធបរិស័ទមកប្រគេនភេសជ្ជ ក៏ដូចជាអំណោយដល់គណៈមេប្រយោគ បេក្ខសិស្សនៅមណ្ឌលប្រឡងនេះ សរុបជាបច្ច័យជាង ១១៣ លានដុង ដើម្បីរួមចំណែកញ៉ាំងឲ្យកម្មវិធីប្រឡងនេះប្រព្រឹត្តទៅឲ្យកាន់តែមានភាពឱឡារិកអធិកអធម។
ព្រះតេជគុណត្រឹងយ៉ឹង និងពុទ្ធបរិស័ទរៀបចំទេយ្យវត្ថុប្រគេន និងជូនដល់បេក្ខសិស្ស និងគណៈមេប្រយោគនៅមណ្ឌលប្រឡង។
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតមហាថាច់អង ព្រះមេគណខេត្ត ប្រធានគណៈចាត់តាំងមណ្ឌលប្រឡងមានព្រះថេរដីកាថា៖ ដោយសារអាសន្នរោគកូវីដ-១៩ ម្ល៉ោះហើយ ឆ្នាំសិក្សាកន្លង (២០២១‑២០២២) សាលាគណខេត្តផ្អាកចាត់តាំងសម័យប្រឡង។ ឆ្នាំសិក្សានេះ សាលាគណបានបែងបត់ ការងារយ៉ាងប្រត្យក្ស រួចប្រគល់ជូនគណៈកម្មាធិការសិក្សាខេត្តចាត់តាំងមណ្ឌលប្រឡងនៅវត្តពោធិវង្សកំពង់ដូង។ រាល់កិច្ចសម្រាប់សម័យប្រឡងនេះ សាលាគណខេត្តបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត គណៈជនជាតិខេត្តចាត់តាំងបានត្រឹមត្រូវតាមច្បាប់។ សមាគមស្រុក ក៏ដូចជាវត្តពោធិវង្សកំពង់ដូងសហការជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អតាមកិច្ចចង្អុលការរបស់ខេត្ត ញ៉ាំងឲ្យសម័យប្រឡង ប្រព្រឹត្តទៅយ៉ាងឱឡារិក អធិកអធម និងសម្រេចជោគជ័យជាស្ថាពរ។
សម័យប្រឡងនៅវត្តពោធិវង្សកំពង់ដូងចាត់តាំងឡើងតាមរយៈសារលិខិតលេខ ២១៨ ចុះថ្ងៃទី ១៦ មករា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីចាត់តាំងមណ្ឌលប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិឆ្នាំសិក្សា ២០២២‑ ២០២៣ ៕
អត្ថបទ‑រូបថត៖ សុជា
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។