03/12/2021 08:10
សមណសិស្សគឹមយ្វីថាញ់បានចាក់វ៉ាក់សាំង។
រួមជាមួយសិស្សក្នុងខេត្ត ដំណាច់ថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងត្រាវិញ មានសិស្សពីថ្នាក់ទី ៩ ដល់ថ្នាក់ទី ១២ ជាង ៥.៩០០ នាក់បានចាក់វ៉ាក់សាំង សម្រេចអត្រាជាង ៩៩,៨%។
អ្នកគ្រូថាច់ធីសារាវី ចាងហ្វាងសាលាសកល ជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មានប្រសាសន៍ថា៖ការប្រមូលសិស្សមកចាក់វ៉ាក់សាំងមានជួបបញ្ហាលំបាកខ្លះៗដែរ ដោយសារ បច្ចុប្បន្ននេះ សិស្សទាំងអស់របស់សាលាកំពុងនៅផ្ទះរៀនបន្តផ្ទាល់។ សិស្សភាគច្រើននៅតាមបណ្តាស្រុក ចម្ងាយរាប់សិបគីឡូម៉ែត្រ ប៉ុន្តែពេលបានជូនដំណឹងសិស្សនៅតែត្រេកអរ និងស្ម័គ្រចិត្តធ្វើដំណើរមកចាក់វ៉ាក់សាំងទាំងអស់គ្នានៅមណ្ឌលចាក់វ៉ាក់សាំងរបស់សាលាវិទ្យាល័យង្វៀងធៀងថាញ់ទីក្រុងត្រាវិញដែរ។ ឆ្នាំសិក្សា ២០២១-២០២២ សាលាមានសិស្សរួម ៤១៥ នាក់ ក្នុងនោះមានសិស្ស ៤០៨ នាក់បានចាក់វ៉ាក់សាំងម្ជុលទី ១ ។ សិស្ស ក្រៅពីនោះជាមុខសញ្ញា F1 កំពុងនៅក្នុងតំបន់បិទខ្ទប់ទើបមិនទាន់មកចាក់វ៉ាក់សាំងបាន។ ចំពោះសិស្សដែលមិនទាន់បានចាក់វ៉ាក់សាំង សាលានឹងសហការជាមួយផ្នែកសុខាភិបាល ដើម្បីបង្កលក្ខណៈឲ្យប្អូនៗបានចាក់វ៉ាក់សាំង ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័កតាមច្បាប់កំណត់។
ប្អូនស៊ើងង៉ុកយ្វី សិស្សថ្នាក់ទី ១២/A សាលា សកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ ជាសិស្សម្នាក់នៅឆ្ងាយពីមណ្ឌលចាក់វ៉ាក់សាំងប្រមាណជាង ៨០ គីឡូម៉ែត្រ ។ ង៉ុកយ្វីរៀបរាប់ឲ្យដឹងថា៖ តាំងពីដើមឆ្នាំសិក្សាមកសាលាចាត់តាំងបង្រៀនបន្តផ្ទាល់ ម្ល៉ោះហើយ ប្អូននៅផ្ទះរៀន។ ផ្ទះប្អូននៅភូមិរំដួល ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ទោះបីឆ្ងាយបន្តិចក៏ដោយប៉ុន្តែប្អូនតែងរីករាយ និងស្ម័គ្រចិត្តឡើងមកទៅចាក់វ៉ាក់សាំងបង្ការជំងឺ។
ចំណែកសមណសិស្ស និងយុវសិស្ស ៤៦ អង្គ និងរូប របស់សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ បាននិមន្ត និងអញ្ជើញមកពីបណ្តាស្រុក ក្រុងក្នុងខេត្ត ដើម្បីចាក់វ៉ាក់សាំងនៅសាលាមហាវិទ្យាល័យត្រាវិញ កាលពីថ្ងៃទី ២៦ វិច្ឆិកា ។
សមណសិស្សគឹមយ្វីថាញ់ គង់នៅវត្តសម្បួណ៌ រិទ្ធិស័ក (សំបួរ) សង្កាត់លេខ ៨ ទីក្រុងត្រាវិញ ជាសិស្សថ្នាក់ទី ១០/B និងយុវតីសិស្សគឹមធីហ្វាងអាញ់ (នៅឃុំភឿងថាញ់ ស្រុកកាងឡុង) ជាសិស្សថ្នាក់ទី ១០/A សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ បានឱ្យដឹងថា៖ ពេលបានរដ្ឋយកចិត្តទុកដាក់ បង្កលក្ខណៈឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាពសុខភាពឱ្យសមណសិស្ស និងសិស្សបានលំនឹងចិត្តក្នុងការសិក្សារឿនសូត្រ និងធានាសុវត្ថិភាពដល់សង្គមរួម។
វេជ្ជបណ្ឌិតគឹមសុផាយ នាយករងមជ្ឈមណ្ឌល សុខាភិបាលទីក្រុងត្រាវិញ មានប្រសាសន៍ថា៖ ទីក្រុងត្រាវិញមានសិស្សពីថ្នាក់ទី ៩ ដល់ថ្នាក់ទី ១២ ជាង ៥.៩០០ នាក់ បានចាក់វ៉ាក់សាំងក្នុង រយៈពេល ០២ ថ្ងៃ (ថ្ងៃទី ១២, ១៣ វិច្ឆិកា)។ ចំពោះសមណសិស្ស និងយុវសិស្សសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ដែលចាក់វ៉ាក់សាំងយឺត ដោយសារយើងខ្ញុំស្មានថាសាលានេះ គ្មានសិស្ស ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២។ ពេលទទួលបានដំណឹងយើងខ្ញុំក៏ចាត់តាំងចាក់វ៉ាក់សាំងប្រគេន និងជូនសមណសិស្ស និងយុវសិស្សបានទាន់ពេល។ ក្នុងដំណើរការចាត់តាំងចាក់វ៉ាក់សាំង យើងខ្ញុំតែងអនុវត្តត្រឹមត្រូវតាមច្បាប់ផ្នែកជំនាញ បានកំណត់។ ត្រៀមបុគ្គលិក និងឧបករណ៍សង្គ្រោះ បន្ទាន់បានគ្រប់គ្រាន់នៅតាមកន្លែងចាក់វ៉ាក់សាំង។ បន្ទាប់ពីចាក់វ៉ាក់សាំងយើងខ្ញុំបានប្រគេន និងជូន លិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំង និងណែនាំ ឲ្យសិស្សសម្រាកតិចបំផុត ៣0 នាទី មុននឹង និមន្ត និងអញ្ជើញទៅវិញ៕ អត្ថបទ-រូបថត៖ សុជា