19/07/2022 08:53
កាលពីឆ្នាំ ២០២១ ក្នុងពេលប្រជុំជីវភាពសាខាសមាគមនារីភូមិជ្រៃតាសូ សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកបានឧទ្ទេសនាមវិជ្ជាជីវៈមួយចំនួនសម្រាប់បងប្អូននារីចុះឈ្មោះទៅរៀន។ បង ថី ជាអ្នកឈានមុខចុះឈ្មោះទៅរៀនបច្ចេកទេសត្បាញផលិតផលដោយខ្សែជ័រនៅក្រុមហ៊ុនចំកាត់ផលិតឧស្សាហកម្ម និងអាហរ័ណ នីហរ័ណវិញគីមទីក្រុងត្រាវិញ។ លើកដំបូងទៅដល់ក្រុមហ៊ុនបងថីបារម្ភណាស់ដែរ ប៉ុន្តែដោយបានគ្រួសារគាត់ និងបងប្អូននារីឃុំជំរុញទឹកចិត្ត បងក៏ខិតខំរៀនអស់រយៈកាលជិតមួយខែ ក៏បញ្ចប់វគ្គសិក្សានោះ។
បងស្រីថាច់ធីថី កំពុងបម្រុងខ្សែជ័រត្បាញផលិតផល។
នៅចុងឆ្នាំ ២0២១ក្រុមហ៊ុនចំកាត់ផលិតឧស្សាហកម្ម និងអាហរ័ណ នីហរ័ណវិញគីមទីក្រុងត្រាវិញបានសហការជាមួយសមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកបង្កើតក្រុមសហការត្បាញផលិតផលដោយខ្សែជ័រនៅភូមិជ្រៃតាសូ រួចប្រគល់ភារកិច្ចឲ្យបងថីធ្វើជាប្រធានក្រុមសហការ។ ក្នុងនាមជាប្រធានក្រុម ទន្ទឹមនឹងការត្បាញផលិតផល បងថីមានភារៈទទួលវត្ថុធាតុដើមរបស់ក្រុមហ៊ុន ណែនាំបច្ចេកទេសដល់សមាជិកាក្នុងក្រុម នៅពេលដែលក្រុមហ៊ុនត្រូវការធ្វើផលិតផលគំរូថ្មី។ បងថីបានឲ្យដឹងថា៖ ពេលចាប់ផ្ដើមអាជីពជាមួយបងប្អូនក៏ជួបការលំបាកច្រើនដែរ។ ពីព្រោះមានបងប្អូនមួយចំនួនមិនទាន់ធ្លាប់នឹងការងារត្បាញផលិតផលរបស់ក្រុមហ៊ុន ដែលត្រូវធ្វើតាមបច្ចេកទេស ពេលមានគំរូថ្មីៗក៏ពិបាកត្បាញដែរ។ ប៉ុន្តែខ្ញុំតែងជំរុញទឹកចិត្តបងប្អូនៗ ក៏ចូលចិត្តត្បាញញ៉ាំងឲ្យការងារទាំងនោះប្រព្រឹត្តទៅបានល្អរហូតមក។ ជាពិសេសបងប្អូនយល់ឃើញថា ធ្វើការងារនៅនឹងផ្ទះ មានប្រាក់ចំណូលស្ថិរភាព និងមានពេលធ្វើការងារផ្ទះផងដែរបងប្អូនក៏បានចូលចិត្ត រួចចូលរួមដោយរីករាយ។ ដំបូង មានបងប្អូនត្រឹមតែ ០៣-០៤ នាក់ចូលរួមប៉ុណ្ណោះ មកទល់ពេលនេះ មានបងប្អូននារីជាង ២០ នាក់ចូលរួមត្បាញផលិតផលដោយខ្សែជ័រនៅពេលទំនេរ ម្នាក់ៗទទួលបានប្រាក់ក្នុងមួយខែមធ្យមពី៣,៥ -៥,៥ លានដុង។
ប្អូនគីមធីម៉ិនតឹម សមាជិកាក្រុមសហការត្បាញផលិតផលដោយខ្សែជ័រនៅភូមិជ្រៃតាសូ សំណេះសំណាលថា៖ កាលពីមុនខ្ញុំផ្ញើកូននៅផ្ទះជាមួយយាយតា ដើម្បីទៅធ្វើការនៅខេត្តបិញយឿង។ ឆ្នាំសិក្សា ២០២១-២០២២ កូនរបស់ខ្ញុំគ្រប់អាយុចូលរៀនថ្នាក់មត្តេយ្យទើបប្តីប្រពន្ធខ្ញុំសម្រេចចិត្តត្រឡប់មកស្រុកកំណើតប្រកបអាជីពវិញ។ ប្តីខ្ញុំធ្វើការសំណង់ ក្នុងមួយថ្ងៃចំណូលបានជាង ២០០ ពាន់ដុង។ ចំណែកខ្ញុំវិញ បានបងថីណែនាំឲ្យចេះត្បាញកៅអីដោយខ្សែជ័រ ក្នុងមួយថ្ងៃបានពី 0៤- 0៦ ផលិតផល តម្លៃពី ១៦0-២៦0 ពាន់ដុងក្នុងមួយថ្ងៃ ជំនួយឲ្យគ្រួសារខ្ញុំមានប្រាក់ចំណូលស្ថិរភាព។
បងស្រីង្វៀងណឺឡឹមអឹកមី (ទី១ខាងស្តាំ) អញ្ជើញទៅសួរសុខទុក្ខគ្រួសារបងថី។
បងស្រីង្វៀងណឺឡឹមអឹកមី ប្រធានសមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកបានឲ្យដឹងថា៖ បងថាច់ធីថីអស់ពីចិត្តដើម្បីបងប្អូននារីនៅជនបទ។ គាត់បានស្ម័គ្រចិត្តទៅរៀនវិជ្ជាជីវៈ ដើម្បីមកបង្រៀនបន្តជូនបងប្អូននារីឲ្យចេះត្បាញផលិតផលពីខ្សែជ័រជួយឲ្យបងប្អូននារីជនបទមានការងារធ្វើនៅពេលទំនេរ មានប្រាក់ចំណូលបន្ថែមដើម្បីកែលម្អជីវភាព។ មិនត្រឹមណែនាំប្អូននារីប៉ុណ្ណោះទេ បងថីនៅទាំងណែនាំប្តីគាត់ឱ្យចេះធ្វើវគ្គបាញ់ឃ្នាបគាបខ្សែជ័រលើរាងដែកទៀតផង តម្លៃមួយផលិតផល១0 ពាន់ដុង។ ប្តីគាត់ធ្វើការងារនោះ រកបានប្រាក់ចំណូលក្នុងមួយខែពី 0៥-0៦ លានដុង។ ក្រៅពីនោះប្តីប្រពន្ធគាត់នៅទាំងចិញ្ចឹមគោ ០២ ក្បាល និងចិញ្ចឹមបង្កងប្រពលវប្បកម្មយថាផលលើផ្ទៃដី ០២ ហិកតា នាំមកនូវប្រភពចំណូលគ្រាន់បើជូនគ្រួសារ។ បង ថាច់ធីថី ជានារីគំរូប៉ិនប្រសប់ការងារ និងអស់ពីចិត្តចំពោះបងប្អូននារី។
ទទួលស្គាល់ការរួមចំណែកក្នុងពេលកន្លងបងថីបានសមាគមសហព័ន្ធន៍នារីស្រុកយ្វៀងហាយជូនលិខិតសរសើរសម្រេចស្នាដៃក្នុងចលនានារីផ្តើមអាជីពឆ្នាំ ២0២១៕
អត្ថបទ‑រូបថត៖ សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។